ព្រះអង្គសង្រ្គោះសម្រាប់អ្នក
ព្រះអង្គសង្គ្រោះសម្រាប់អ្នក
តើអ្នកជាមនុស្សដែលមានចិត្តសប្បាយរីករាយមែនទេ? ឬក៏អ្នកជាមនុស្សដែលកំពុងតែឈឺចាប់ហើយនិងភ័យខ្លាចភាពបរាជ័យក្នុងជីវិតមែនទេ? អ្នកប្រាថ្នាចង់ឲ្យខ្លួនឯងអាចគេចផុតពីភាពឈឺចាប់ ប៉ុន្ដែអ្នកមិនដឹងថា ត្រូវធ្វើយ៉ាងណាមែនទេ? អ្នកប្រហែលជាសួរខ្លួនឯងថា “តើខ្ញុំអាចសប្បាយរីករាយម្ដងទៀតបានដែរឬទេ?”
ខ្ញុំមានដំណឹងល្អសំរាប់អ្នក! មានម្នាក់ ដែលអាចជួយអ្នកហើយនិងអាចរំដោះអ្នកឲ្យរួចផុតពីបាបបាន ព្រមទាំងអាចផ្ដល់សុភមង្គលដ៏យូរអង្វែងដល់អ្នកបាន។ ទ្រង់មានព្រះនាមថា ព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីទ្រង់។
អានសាច់រឿងទាំងអស់ក្នុងចំណងជើង ព្រះអង្គសង្រ្គោះសម្រាប់អ្នក
ទ្រង់ជាព្រះជាម្ចាស់ ដែលបានបង្កើតពិភពលោក និងរបស់សព្វសារពើក្នុងពិភពលោកនេះ។ ព្រះអង្គបានបង្កើតអ្នក ហើយនិងខ្ញុំ។ ព្រះអង្គស្រឡាញ់យើងគ្រប់គ្នានៅលើផែនដីនេះ ទ្រង់ពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ហេតុនេះហើយ បានជាទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទដែលជារាជបុត្រាតែមួយអង្គ គត់មកលើពិភពលោកនេះ។ កាលទ្រង់គង់នៅលើផែនដីនេះ ទ្រង់បានព្យាបាលជម្ងឺឲ្យដល់មហាជនជាច្រើនបានជាសះស្បើយ ព្រមទាំងជួយសម្រាលទុក្ខដល់អ្នកដែលមានចិត្តសោកសង្រេងឲ្យបានធូរស្បើយ ហើយនិងព្យាបាលភ្នែកដែលខ្វាក់ឲ្យភ្លឺឡើយវិញ។ ទ្រង់បានបង្រៀនមនុស្សនូវកិច្ចការជាច្រើន។ រឿងទាំងអស់នេះគឺមានចែងទុកក្នុងព្រះគម្ពីរ។
ព្រះយេស៊ូវចង់ឲ្យយើងយល់ពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះបិតារបស់ទ្រង់មានចំពោះយើងរាល់គ្នា។ ទ្រង់បានរៀបរាប់នូវសាច់រឿងនេះដូចខាងក្រោមហើយក៏បានពន្យល់អំពីសេចក្ដីស្រឡាញ់របស់ព្រះបិតាទ្រង់ផងដែរ។
មានបុរសម្នាក់ បានរស់នៅយ៉ាងសប្បាយរីករាយនៅក្នុងទីក្រុងមួយជាមួយកូនប្រុស២នាក់របស់គាត់។ គាត់បានគិតថាអ្វីៗសុទ្ឋតែប្រសើរ។ ថ្ងៃមួយ កូនប្រុសម្នាក់របស់គាត់បានបះបោរ ហើយមករកគាត់រួចនិយាយថា “ខ្ញុំមិនចូលចិត្ដផ្ទះនេះទេ។ ខ្ញុំចង់មានជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំនឹងចាកចេញពីទីនេះ សូមចែកទ្រព្យសម្បត្ដិដែលជាមរតកឲ្យមកខ្ញុំ”។ ឪពុកពិតជាពិបាកចិត្ដណាស់ តែគាត់បានឲ្យលុយទៅកូនគាត់ និងព្រមឲ្យគេទៅ។ គាត់នឹកក្នុងចិត្តថា “តើនឹងអាចជួបកូនគាត់ម្ដងទៀតដែរឬទេ?” ហេតុអ្វីបានជាកូនប្រុសគាត់បះបោរយ៉ាងនេះ?
កូនប្រុសបានចាកចេញទៅឆ្ងាយ ហើយសប្បាយរីករាយជាមួយនឹងលុយនិងមិត្ដភ័ក្តិរបស់គាត់។ គាត់បានចាយលុយគាត់យ៉ាងខ្ជះខ្ជាយ ហើយនិងធ្វើរឿងអាក្រក់ៗជាច្រើនថែមទៀតផង។ គាត់គិតថាអ្វីៗនៅពេលនេះគឺល្អណាស់សំរាប់គាត់ហើយ។ រហូតដល់មានពេលមួយលុយដែលគាត់ធ្លាប់មាន នោះអស់រលីង មិត្ដរបស់គាត់ក៏បានទៅចោលគាត់គ្មានសល់ម្នាក់ ដោយបន្សល់ទុកឲ្យគាត់នៅតែម្នាក់ឯងពោរពេញទៅដោយភាពឈឺចាប់និងភាពសោកស្ដាយ។ តើគាត់គួរធ្វើយ៉ាងណា?
ពេលនោះគាត់បានជួបកសិករម្នាក់ ហើយបានបំរើនៅទីនោះ កសិករម្នាក់នោះបានឲ្យគាត់ទៅចិញ្ចឹមជ្រូក។ គាត់មិនបានទទួលអាហារគ្រប់គ្រាន់នោះទេ។ គាត់ឃ្លានខ្លាំងណាស់ស្ទើរតែដាច់ពោះ គាត់បានញ៉ាំចំណីរបស់ជ្រូក។ គាត់បានចាប់ផ្ដើមគិតពីរឿងអាក្រក់ទាំងអស់ដែលគាត់បានធ្វើ និងពីអ្វីៗដែលគាត់បានធ្វើដាក់ឪពុករបស់គាត់។ គាត់ក៏កើតទុក្ខខ្លាំងឡើងៗ។
ថ្ងៃមួយ គាត់បាននឹកចាំពីសេចក្ដីស្រឡាញ់របស់ឪពុកគាត់ ហើយនិងសេចក្តីសប្បុរសរបស់ឪពុកគាត់ កាលគាត់រស់នៅផ្ទះជាមួយឪពុក។
គាត់គិតថា “តើខ្ញុំអាចត្រឡប់ទៅរកឪពុកខ្ញុំវិញបានដែរឬទេ? តើគាត់នឹងអត់ទោសចំពោះអ្វីទាំងអស់ដែលខ្ញុំបានធ្វើដាក់គាត់ដែរឬទេ? តើគាត់នៅតែស្រឡាញ់ខ្ញុំដែរឬទេ? ខ្ញុំមិនសមនិងធ្វើជាកូនរបស់គាត់ទេ។ ខ្ញុំសុំត្រឹមតែជាអ្នកបំរើប៉ុណ្ណោះ បើគាត់ព្រមទទួលយកខ្ញុំ។
មិនយូរប៉ុន្មាន គាត់ក៏បានសំរេចចិត្តទៅផ្ទះឪពុកគាត់។ គាត់ចង់ដឹងថា តើឪពុករបស់គាត់នៅស្រឡាញ់គាត់ឬទេ។
ឪពុកបានរង់ចាំកូនរបស់គាត់ អស់រយៈពេលជាយូរតាំងពីកូនគាត់បានចាកចេញទៅ។ គាត់តែងតែគិតក្នុងចិត្តថា "តើកូនរបស់ខ្ញុំនឹងត្រឡប់មកវិញឬទេ?" ថ្ងៃមួយគាត់បានឃើញមនុស្សម្នាក់ពីចំងាយ “តើអាចជាកូនប្រុសរបស់ខ្ញុំដែរទេ?” គាត់បានរត់ទៅរកដោយលាដៃ ដើម្បីស្វាគមន៍ការត្រឡប់មកវិញ។ គាត់បាននិយាយថា “នេះជាកូនរបស់ខ្ញុំដែលបានបាត់ ប៉ុន្ដែឥឡូវបានរកឃើញវិញហើយ។”
រឿងរបស់កូនប្រុសនេះគឺប្រៀបដូចជាយើងអញ្ចឹងដែរ។ យើងទាំងអស់គ្នាបានវង្វេងឆ្ងាយពីព្រះជាម្ចាស់ ដែលជាឪពុកខាងឯវិញ្ញាណរបស់យើង។ យើងបានបាត់បង់ឱកាសជាច្រើន និងរបស់ល្អៗដែលទ្រង់បានឲ្យយើង។ យើងបានធ្វើអាក្រក់ជាច្រើន ហើយនិងបះបោរប្រឆាំងនឹងទ្រង់ថែមទៀតផង។ ថ្ងៃនេះ ព្រះវរបិតាដែលគង់នៅឋានសួគ៌ចង់ឲ្យយើងទៅរកទ្រង់ ហើយទ្រង់កំពុងរង់ចាំយើងដោយលាព្រះហស្ថទាំងទ្វេរបស់ទ្រង់។
តើអ្នកដែលធ្លាប់គិតពីសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះអ្នកដែរឬទេ? បន្ទាប់ពីទ្រង់បានបង្រៀនមនុស្សនៅលើផែនដីអស់រយៈពេល៣ឆ្នាំ ទ្រង់បានអនុញ្ញាត្តឲ្យមនុស្សអាក្រក់ចាប់ទ្រង់ ហើយបោះដែកគោលដាក់ទ្រង់ភ្ជាប់លើឈើឆ្កាង។ ទ្រង់បានទទួលរងនូវការឈឺចាប់ និងបដិសេធមិនទទួលស្គាល់ទ្រង់ ទន្ទឹមនឹងពេលដែលទ្រង់បានលះបង់ព្រះជន្មនិងបង្ហូរព្រះលោហិតរបស់ទ្រង់ជាយញ្ញបូជា ដើម្បីលោះបាបដល់មនុស្សទាំងអស់។
នៅពេលដែលយើងមករកព្រះវរបិតា យើងបានសុំឲ្យទ្រង់លើកលែងទោសនូវអំពើបាបរបស់យើង។ នៅពេលដែលទ្រង់ឃើញយើងមានការឈឺចាប់ និងសោកស្តាយចំពោះអំពើបាបដែលយើងប្រព្រឹត្ត ទ្រង់ក៏បានអត់ទោស ហើយក៏លាងសំអាតបាបរបស់យើងជាមួយនឹងព្រះលោហិតរបស់ទ្រង់ដែលបានបង្ហូរសំរាប់យើងទាំងអស់គ្នា។ នេះពិតជាការដ៏អស្ចារ្យបំផុតដែលបានកើតឡើង។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង។ វិញ្ញាណរបស់យើងបានកើតជាថ្មី ហើយយើងបានក្លាយជាមនុស្សថ្មី។ ជីវិតយើងស្ថិតក្នុងអត្ថន័យថ្មី។ ព្រះយេស៊ូវទ្រង់បានដកយកការឈឺចាប់ និងភាពភ័យខ្លាចរបស់យើង ហើយទ្រង់បានប្រទានមកវិញនូវសេចក្ដីរីករាយ និងសុភមង្គលដ៏ពេញបរិបូណ៌រដល់យើង។ ៚