សេចក្ដីស្រឡាញ់ ជាសភាវៈសំខាន់ជាងគេលើលោកិយសព្វថ្ងៃ
ពាក្យស្រឡាញ់គឺជាពាក្យដែលអស្ចារ្យបំផុតនៅគ្រប់ភាសាទាំងអស់។ តើសេចក្ដីស្រឡាញ់នាំយកអ្វីខ្លះមកក្នុងចិត្ត៖ ភាពកក់ក្តៅ ចិត្តមេត្រី ការយល់ចិត្ដ ភាពសប្បុរស ឬក៏ការថែរក្សាដូចម្តាយចំពោះកូនមែនទេ? សំរាប់អ្នកវិញ តើអ្នកយល់យ៉ាងណា? តើពាក្យថាស្រឡាញ់មានន័យដូចម្ដេចចំពោះអ្នក? តើអ្នកចង់ទទួលបានសេចក្តីស្រឡាញ់ឬទេ? តើអ្នកមានសេចក្តីស្រឡាញ់ឬទេ?
ព្រះជាម្ចាស់ជាតួនៃសេចក្តីស្រឡាញ់ នៅពេលដែលសេចក្តីស្រឡាញ់របស់ទ្រង់ សណ្ឋិតក្នុងដួងចិត្តរបស់អ្នក ទ្រង់អាចជួយអ្នកឲ្យមានសេចក្តីស្រឡាញ់ និងចេះផ្ដល់នូវសេចក្តីស្រឡាញ់។ ប្រភពនៃសេចក្តីស្រឡាញ់ទាំងអស់គឺមកពីព្រះ។ "យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើងដែរ។ ព្រះទ្រង់ជាតួនៃសេចក្តីស្រឡាញ់។ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់នោះ ក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ" (យ៉ូហានទី១ ៤:១៦) គ្មាននរណាម្នាក់ធ្លាប់ស្វែងរក ឬធ្លាប់ទទួលបានសេចក្តីស្រឡាញ់ជោគជ័យពិតនោះទេ លុះត្រាណាតែអ្នកនោះស្វែងរកតាមរយៈព្រះអម្ចាស់។
ផ្ទុយពីសេចក្តីស្រឡាញ់គឺមានដូចជា៖ ការស្អប់ ការមិនទុកចិត្ត ភាពអាត្មានិយម និងការមិនចុះសំរុងនឹងគ្នា។ បើយើងគ្រាន់តែមើលទៅលើស្ថានភាពទូទៅនៅលើពិភពលោកនេះ និងនៅក្នុងគ្រួសារជាច្រើននោះ យើងពិតជាដឹងថាយើងត្រូវការសេចក្តីស្រឡាញ់យ៉ាងខ្លាំង។
អានសាច់រឿងទាំងអស់ក្នុងចំណងជើង សេចក្ដីស្រឡាញ់ ជាសភាវៈសំខាន់ជាងគេលើលោកិយសព្វថ្ងៃ
ចំណែកអ្នកវិញ តើអ្នកយល់យ៉ាងម៉េចដែរ? តើអ្នកធ្លាប់មានអារម្មណ៍ថា ទទួលបានសេចក្តីស្រឡាញ់ឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ថាមានការឈឺចាប់ក្នុងចិត្តរបស់អ្នក និងមានភាពឯកោមិនចេះអស់មិនចេះហើយ និងពុំធ្លាប់បានទទួលការថ្នាក់ថ្នមឬភាពកក់ក្តៅដែរទេ? ពេលខ្លះ តើអ្នកធ្លាប់មានអារម្មណ៍ថាពុំមានអ្នកណាម្នាក់ចាប់អារម្មណ៍អំពីអ្នកដែរទេ? តើអ្នកកើតក្នុងគ្រួសារដែលមានឪពុកម្តាយមិនមានសេចក្តីស្រឡាញ់ចំពោះគ្នាឬមិនស្រឡាញ់កូនៗមែនទេ? អារម្មណ៍ទាំងនេះ គឺធម្មតាទេនៅលើផែនដីនេះ ដែលមនុស្សទូទៅគិតថា "គឺមានតែអញ"។ ការឈឺចាប់គឺជាលទ្ធផលនៃភាពអាត្មានិយមរបស់គាត់ដែលចេះតែរំខានក្នុងចិត្តរបស់គាត់ជានិច្ច។
សេចក្តីស្រឡាញ់គឺមិនស្វែងរកតែប្រយោជន៍ និងបំពេញតែតម្រូវការរបស់ខ្លួននោះទេ ប៉ុន្តែក៏គិតអំពីផលប្រយោជន៍អ្នកដ៏ទៃផងដែរ។ មនុស្សជាច្រើនបានហៅ "ចំណង់ប្រាថ្នា" ថាជាសេចក្តីស្រឡាញ់តាមពិតទៅវាជាភាពអាត្មានិយម ពីព្រោះអ្នកនោះស្វែងរកតែភាពសប្បាយរីករាយសំរាប់បំពេញសេចក្តីត្រូវការផ្ទាល់ខ្លួនឯងប៉ុណ្ណោះ។
រាល់ពេលមានទុក្ខលំបាកក្នុងជីវិតយើង មិនមែនមានន័យថាព្រះមិនស្រឡាញ់យើងនោះទេ។ ពេលខ្លះ ព្រះបានអនុញ្ញាតឲ្យទុក្ខលំបាកកើតមានចំពោះយើង ដើម្បីជាប្រយោជន៍ឲ្យយើងចេះស្វែងរកទ្រង់ដោយស្មោះអស់ពីចិត្ត។ ឪពុកឬម្ដាយណាដែលមានសេចក្តីស្រឡាញ់ពិត គឺមិនគ្រាន់តែផ្តល់ឲ្យនូវអ្វីដែលកូនចង់បាននោះទេ ប៉ុន្តែត្រូវចេះអប់រំណែនាំកូនដើម្បីជាប្រយោជន៍ដល់កូនៗរបស់ពួកគាត់វិញ។
សេចក្តីស្រឡាញ់គឺការលះបង់។ សេចក្តីស្រឡាញ់ពិតគឺស្វែងរកគុណសម្បត្តិរបស់អ្នកដ៏ទៃ។ សេចក្តីស្រឡាញ់គឺចេះផ្ដល់ភាពកក់ក្តៅ ការអាណិតអាសូរ និងចិត្តសប្បុរស។ បើសិនជាយើងមានក្តីស្រឡាញ់ពិត យើងនឹងប្រព្រឹត្តអ្វីដែលនាំមកនូវប្រយោជន៍សំរាប់អ្នកដ៏ទៃ ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ប្តីនិងឪពុកដែលមានក្ដីស្រឡាញ់ នឹងបង្ហាញសេចក្តីស្រឡាញ់និងភាពកក់ក្តៅដល់ប្រពន្ធនិងកូនៗរបស់គាត់។ គាត់នឹងលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ សំរាប់គ្រួសារគាត់ ហើយនិងចេះបង្កើតបរិយាកាសល្អៗ ព្រមទាំងធ្វើជាគំរូល្អសំរាប់ពួកគេជានិច្ច។ ប្រពន្ធនិងម្តាយដែលមានសេចក្តីស្រឡាញ់ពិត នឹងគោរពប្តីព្រមទាំងណែនាំកូនៗរបស់ខ្លួនឲ្យយោគយល់គ្នា ទៅវិញទៅមក។ គាត់នឹងមានភាពសប្បាយរីករាយនៅក្នុងចិត្ត នៅពេលគាត់អាចជួយមនុស្សឬក៏ សមាជិកនៅក្នុងគ្រួសាររបស់គាត់បានទទួលបាននូវភាពកក់ក្ដៅ។
ព្រះយេស៊ូវគ្រីស្ទបានផ្ដល់គំរូដ៏អស្ចារ្យសំរាប់យើង នៅពេលដែលទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដោយទ្រង់ព្រមសុគតនៅលើឈើឆ្កាង ដើម្បី ជំនួសបាបរបស់យើងទាំងអស់គ្នា។
បើសិនជាអ្នកមានអារម្មណ៍ថា អ្នកត្រូវការសេចក្តីស្រឡាញ់ ឬក៏មានអារម្មណ៍កំព្រាឯកានៅក្នុងចិត្ដ នោះអ្នកអាចស្វែងរកការស្រឡាញ់ពិតបាន។ អ្នកអាចរកសេចក្តីស្រឡាញ់នោះបានដោយការថ្វាយខ្លួនទៅព្រះ។ ទ្រង់ស្រឡាញ់អ្នកដោយព្រះទ័យអាណិតអាសូរ និងសេចក្តីមេត្តាដែលឥតព្រំដែន។ ព្រះអង្គយកព្រះទ័យទុកដាក់នឹងអ្នក ហើយចង់ជួយអ្នកឲ្យរួចផុតពីអស់ទាំងបន្ទុក និងការឈឺចាប់នៅក្នុងជីវិតអ្នក។ បើសិនជាអ្នកមានអារម្មណ៍ឯកោ ហើយគិតថាពុំមាននរណាម្នាក់ខ្វល់ខ្វាយ និងយកចិត្តទុកដាក់ចំពោះអ្នក ឈប់គិតឬបារម្ភអំពីរឿងទាំងនោះតទៅទៀតទៅ ត្រូវចាំថា ព្រះដែលបានប្រទានបុត្រារបស់ទ្រង់ឲ្យមកអ្នក ទ្រង់ពិតជាជ្រាបអំពីទុក្ខព្រួយនិងភាពសោកសៅរបស់អ្នក។ ពេលដែលអ្នកកំពុងមានភាពឯកោ និងសេចក្តីសោកសង្រេង ទ្រង់នឹងគង់នៅជាមួយអ្នកដើម្បីលើកទឹកចិត្ត ហើយផ្តល់ភាពរឹងមាំ និងការណែនាំ ដើម្បីឲ្យអ្នកត្រឡប់មករកទ្រង់វិញ។
បើអ្នកមិនដឹងថា ត្រូវចូលទៅរកព្រះអង្គយ៉ាងណានោះ សូមឲ្យអ្នកគ្រាន់តែបើកដួងចិត្តរបស់អ្នកដល់ទ្រង់ហើយទ្រង់នឹងឮ។ បើសិនជាអ្នកមានអារម្មណ៍ថាពិបាកឲ្យអ្នកជឿទុកចិត្តលើនរណាម្នាក់ឬ សូម្បីតែព្រះក៏ដោយចុះ នោះសូមទូលថ្វាយទៅព្រះអង្គ រួចសូមទ្រង់ឲ្យបង្ហាញផ្លូវដល់អ្នក។
បើសិនជាអ្នកមានអារម្មណ៍ថា ខ្លួនជាមនុស្សមានបាប ហើយគ្មានសង្ឃឹមថាអាចរកអ្នកណាលើកលែងទោសឲ្យអ្នកបាន និងគ្មានសេចក្តីស្រឡាញ់នោះ ចូរមករកព្រះអង្គឲ្យអស់ពីដួងចិត្ត ហើយសារភាពបាបនៅចំពោះទ្រង់ ហើយនិងជៀសចេញពីអំពើបាបដែលអ្នកបានធ្វើពីអតីតកាល។ ទ្រង់នឹងធ្វើជាឪពុកដ៏ល្អ ប្រសិនជាអ្នកមករកទ្រង់ដោយស្មោះអស់ពីចិត្ត ហើយគោរពតាមព្រះបន្ទូលរបស់ទ្រង់។
នៅពេលដែលព្រះអង្គលើកលែងទោស និងទទួលអ្នក អ្នកនឹងមានអារម្មណ៍ថាអ្នកមានសេចក្ដីស្រឡាញ់ហើយអ្នកនឹងទទួលបាននូវទំនាក់ទំនងយ៉ាងជិតស្និទជាមួយទ្រង់ដែលគ្មានអ្វីអាចបំបែកបាន។ ទំនាក់ទំនងទាំងនេះ នឹងកាត់ផ្តាច់វិញបាន បើយើងដាច់ចេញពីទ្រង់។
នៅពេលដែលអ្នកទទួលបានសេចក្ដីស្រឡាញ់និងការអត់ទោសពីព្រះអម្ចាស់ ហើយលះបង់ចោលភាពអាត្មានិយមរបស់ខ្លួននោះ អ្នកនឹងទទួលបាននូវសេចក្ដីសុខនិងសន្ដិភាពជំនួសវិញ ហើយអ្នកនឹងមិនខ្វល់ខ្វាយអំពីអំពើអ្វីដែលអ្នកដ៏ទៃនឹងប្រព្រឹត្តមកលើអ្នកទៀតហើយ។ អ្នកនឹងខ្វល់ខ្វាយតែពីប្រយោជន៍របស់អ្នកដ៏ទៃ ហើយនឹងមានចិត្តចង់បំរើព្រះដែលស្រឡាញ់អ្នកឥតលក្ខខ័ណ្ឌ។
នៅពេលដែលគំនិតដែលធ្លាប់គិតតែពីខ្លួនឯង បានត្រូវបាត់បង់ ពេលនោះ ព្រះជាម្ចាស់នឹងប្រទានពរអ្នកព្រមទាំងប្រទានឲ្យអ្នកបានឃើញសេចក្តីពិតថែមទៀតផង។ អ្នកអាចសិក្សាសេចក្ដីបង្រៀននេះនៅក្នុងព្រះគម្ពីរ កូរិនថូសទី១ ជំពូក១៣ នៅទំព័រខាងក្រោយ។ កណ្ឌគម្ពីរនោះនឹងជួយឲ្យអ្នកយល់ពីកិច្ចការទាំងនេះ។
ការទាំងអស់នេះអាចបញ្ចប់ភាពឯកោនិងភាពខ្វល់ខ្វាយរបស់អ្នកបាន។ សូមអនុញ្ញាត្តឲ្យព្រះធ្វើជាអ្នកដឹកនាំជីវិតរបស់អ្នក។ សូមទទួលយកក្តីស្រឡាញ់របស់ព្រះ គឺព្រះពរដ៏អស្ចារ្យមួយដែលត្រៀមសំរាប់ជីវិតរបស់អ្នក។
ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមទៀត នៅក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហាន បានរៀបរាប់យ៉ាងច្បាស់អំពីសេចក្តីស្រឡាញ់។ នៅក្នុងព្រះគម្ពីរ អេសាយ ជំពូក៥៣ ពួកហោរាបានប្រកាសពីការលះបង់ជីវិតរបស់ព្រះយេស៊ូវដើម្បីសង្គ្រោះយើង។ សូមអាននូវព្រះបន្ទូលសន្យារបស់ព្រះនៅក្នុងព្រះគម្ពីរ (ទំនុកដំកើង ៩១)ហើយព្រះគម្ពីរ(ទំនុកដំកើង ២៣)។ សូមព្រះប្រទានប្រាជ្ញាដល់អ្នកក្នុងការអានព្រះគម្ពីរ។ សូមព្រះប្រទានពរ! ៚
កូរិនថូសទី១ ១៣:១-៨, ១៣
ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន និងភាសារបស់ពួកទេវតាផង តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ។ បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្តីអាថកំបាំង និងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្តីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ។ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ។ ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស។ សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្តីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្តីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្តីស្រឡាញ់មិនដែលផុតឡើយ។ ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់។